ហាង សុវណ្ណគន្ឋា

file:///C:/Users/DJ%20SOVAN/Desktop/home%2042.html

111215_32ភ្នំពេញៈ ក្រោយ​ចែកផ្លូវគ្នា​ជាមួយ​អ្នកដឹកនាំ​សម្តែង និង​និពន្ធ​បទចម្រៀង​ល្បីឈ្មោះ​លោក សុខ ជំនោរ មក តារា​ចម្រៀង​សាច់សខ្ចី សុគន្ធ និសា ក៏បាន​សម្រេចចិត្ត​ចាកចោល​ផលិត​រស្មីហង្សមាស​ដែល​ធ្លាប់ជួយ​លើកមុខមាត់​ ឲ្យនាង​ល្បី ដោយសារតែ​មិនអាច​ប្រឈមមុខនឹង​លោក​ សុខ ជំនោរ បាន។ ទន្ទឹមនឹង​ការដើរចេញ​នេះ មាន​ការចោទ​សួរថា តើ​តារារូបនេះ​នឹងនៅលាក់ខ្លួន ឬ​ក៏​នាង​មាន​ទ្រនំ​ថ្មី​? ប៉ុន្តែ​នៅ​ពេល​នេះ គ្មាន​អ្វីជាចម្ងល់​ឡើយ គឺ​សុគន្ធ និសា នឹង​លេចមុខ​នៅក្នុង​ផលិតកម្ម ថោន (Town) នាពេល​ប្រហែល​កន្លះខែ​ទៀតនេះ​។
បន្ទាប់ពី​រឿងរ៉ាវ​ស្នេហា​ក្នុងទ្រនំ​ហង្សមាស​តែមួយ​ត្រូវបាន​បញ្ចប់​ តារា​ចម្រៀង​ម្ចាស់បទ«​កំដរ​បងយំ​មុនពេល​បែក​» បានសម្រេចចិត្ត​ដើរចេញ​ពីផលិត​ធំ​ដែលជា​ទ្រនំដ៏សុខសាន្ត​រស្មីហង្សមាស​ ជាផ្លូវការ​ ហើយ​ពាក់ព័ន្ធនឹង​ការដើរចេញ​របស់​តារាចម្រៀង​រូបនេះ លោក អ៊ឹង សុង​លាភ នាយក​គ្រប់គ្រង​ផលិតកម្ម​រស្មីហង្សមាស​ក៏បាន​បញ្ជាក់ថា តារា​ចម្រៀង សុគន្ធ និសា បាន​ដាក់​ពាក្យ​លាឈប់​ពី​ផលិតកម្ម​រស្មីហង្សមាស​កាលពី​ខែ​វិច្ឆិកា ឥឡូវ​នាងបាន​ឈប់ជាផ្លូវការ​ហើយ​។
លោក សុងលាភ បាន​មានប្រសាសន៍​ថា៖«​បាទ! និសា គាត់ពិត​ជា​បាន​ឈប់​ពី​ហង្សមាស​ហើយ គឺ​គាត់​បាន​ឈប់​កាល​ពី​ខែ​មុន​»។
ក្នុងនាមជា​តារាល្បី និង​មាន​សម្រស់​ស្រស់​សោភា​ ពិត​ជា​ធ្វើ​ឲ្យ​ សុគន្ធ និសា មិន​ខ្វះ​ទីតាំង​ឈរ​ជើង​ឡើយ​។ បន្ទាប់​ពី​បោះ​ជំហាន​ចេញ​មិនទាន់​នឹង​បាត់​ធុំក្លិន​ផលិត​កម្ម​ រស្មីហង្សមាសផង​ សុគន្ធ និសា ត្រូវ​បាន​បណ្តា​ផលិតកម្មតូចធំ​ជាច្រើន​ទាក់​ទង​ចុះ​កុង​ត្រា​ជាមួយ​។ ប៉ុន្តែ​អ្វី​ដែល​ជា​ភាព​ច្បាស់​ការណ៍​នៅ​ពេល​នេះ គឺ​សុគន្ធ និសា សម្រេចចិត្ត​នឹង​ឈោងដៃ​ចាប់ទ្រនំថ្មី គឺ​ផលិត​កម្ម ថោន (Town) ខណៈ​ដែល​ផលិត​នោះ​មាន មាស សុខសោភា កំពុង​ឈរជើង​យ៉ាង​រឹងមាំ​រួច​ទៅ​ហើយ​នោះ​។
លោក លី ស៊ីន​ហួន អ្នក​និពន្ធ​ល្បី​វ័យក្មេង​របស់​ផលិតកម្ម​ថោន បាន​ឲ្យ​ដឹងថា លោក​បាន​ទទួល​ព័ត៌មានថា សុគន្ធ និសា បាន​ចូល​ផលិត​កម្ម ថោន នេះ មាន​រយៈពេល​ទើបតែ​ខ្លី​គួរ​សម​ទេ បន្ទាប់ពី​នាងចប់​កុងត្រា និង​ដើរ​ចេញ​ពី​រស្មីហង្សមាស​។
លោកបាន​និយាយថា៖«​នាងទើប​តែចូលជិត​បានមួយខែ​អី​ហ្នឹង ហើយ​ យឹម តាស្រង់ ជា​អ្នក​និពន្ធ​បទចម្រៀង​ឲ្យ​នាង​»។
រីឯ​អ្នកគ្រប់គ្រង​តារា​ប្រចាំ​ផលិត​កម្ម​ថោន លោក មាស សុខ​រតនៈ ក៏​បានឲ្យដឹងផងដែរថា ជាការពិត​ណាស់ នៅពេលនេះ កំពុង​ស្ថិតនៅ​ក្នុងការ​ចរចា​នៅឡើយ ដោយ​លោក​បាន​លើក​ហេតុ​ផល​ថា សុគន្ធ និសា ជា​តារា​ចម្រៀង​ល្បី​ ដូច្នេះ​នាង​មាន​ជម្រើស​ច្រើន​។ លោក​បាន​បន្តថា លោក​មិន​អាច​បញ្ជាក់​ឲ្យបាន​ច្បាស់​ឲ្យ​បាន​១០០​ភាគរយ​ឡើយ ព្រោះពេលខ្លះ​អាចមាន​ការប្រែប្រួល​។
លោកបាន​និយាយថា៖​«​បើមិនមាន​អ្វីប្រែប្រួលទេ បទ​ចម្រៀង​របស់នាង​នឹងចេញលក់​នៅលើ​ទីផ្សារ​នៅ​ដើមខែមួយ​(​ខែមករា ២០១២) នេះ នោះ​ទើបជា​ភាពច្បាស់លាស់​»។
ទោះបី​ជាមាន​ការផ្លាស់ប្តូរ​ផលិតកម្ម​ពីធំ​មកតូច​តែ​ទស្សនិកជន​នៅតែ​ គិតថា សុគន្ធ និសា នឹង​នៅតែ​អាចរក្សា​ភាពល្បីល្បាញ​របស់ខ្លួន​បាន​ ព្រោះ​នៅ​ថោន នាង​មាន​ យឹម តា​ស្រង់ ជា​អ្នក​និពន្ធ​ឲ្យ ដែល​គេ​ស្គាល់​ថា យឹម តាស្រង់ ជា​អ្នក​និពន្ធ​ល្បី​មួយ​រូប​ដែល​ធ្លាប់​ធ្វើ​ឲ្យ កែវ វាសនា​ លេច​ធ្លោ៕

Leave a Reply